ទស្សនកិច្ចរបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសិង្ហបុរី


(សិង្ហបុរី)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃទី២ នៃកម្មវិធីទស្សនកិច្ចសិក្សានៅសិង្ហបុរីស្តីពី «ការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ» ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយលោក បេនីឌីក ឆុង (Benedict Cheong) នាយកប្រតិបត្តិមូលនិធិអន្តរជាតិថេម៉ាសិក (Temasek Foundation International)។​​​​​​​​​​​​​​​ ​​​​​​​


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈកម្ពុជា និងនាយកប្រតិបត្តិមូលនិធិអន្តរជាតិតិម៉ាសិកសិង្ហបុរី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមុខងារសាធារណៈ និងមូលនិធិអន្តរជាតិថេម៉ាសិករយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយត្រូវផ្អែកលើចំណុចសំខាន់៣៖ ទី១.សារៈសំខាន់ចាំបាច់ (Useful) ២.ភាពបត់បែននៃកម្មវិធី (Flexible) និង៣.សមស្របជាមួយស្ថានភាពជាក់ស្តែងរបស់កម្ពុជា (Relevant) ពិសេសក្នុងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩។


បន្ទាប់មកនៅរសៀលថ្ងៃដដែល ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជាបានធ្វើទស្សនកិច្ចនៅសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយបានជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ុង ទុនហ៊ុយ (Ong Toon Hui) នាយកសាលា (Dean) មុខងារសាធារណៈសិង្ហបុរី និងសហការី។ ក្នុងឱកាសនោះ ប្រតិភូកម្ពុជាបានស្តាប់បទបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមន្រ្តីមុខងារសាធារណៈកម្ពុជារយៈពេលកន្លងមក។ ភាគីទាំងពីក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការនេះទៅមុខទៀត ឱ្យស្របនឹងស្ថានភាពជាក់ស្តែងក្នុងបរិបទកូវីដ-១៩៕


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១