ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកំពុងបំពេញទស្សនកិច្ចនៅសិង្ហបុរី
(សិង្ហបុរី)៖ ក្នុងថ្ងៃដំបូងនៃការបំពេញទស្សនកិច្ចសិក្សាស្តីពី «ការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ចាន់ ជុនស៊ីង (Chan Chun Sing) រដ្ឋមន្រ្តីក្រសួងអប់រំសិង្ហបុរី ទទួលបន្ទុកការងារមុខងារសាធារណៈ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ រវាងកម្ពុជា និងសិង្ហបុរី ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាន នាពេលកន្លងមក។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រទេសទាំងពីរ បានយល់ស្របក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីបន្ថែមទៀត។
បន្ទាប់មក ប្រតិភូបានជួបពិភាក្សាការងារជាមួយផ្នែកសេវាសាធារណៈ (Public Service Division) នៃទីស្តីការនាយករដ្ឋមន្ត្រីសិង្ហបុរី។ លោក គ្រីស្តូហ្វ័រ ប្រាហ្គាសាម (Christopher Pragasam) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ និងសហការី បានធ្វើបទបង្ហាញស្តីអំពី ស្ថានភាពទូទៅនៃប្រព័ន្ធគ្រប់គ្រងមន្ត្រីសាធារណៈ និងការផ្តល់សេវាសាធារណៈរបស់សិង្ហបុរី។
ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសិង្ហបុរី ក៏បានអមដំណើរប្រតិភូក្នុងកម្មវិធីទស្សនកិច្ចថ្ងៃដំបូងនេះផងដែរ។ ទស្សនកិច្ចសិក្សានេះនឹងបន្តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ទៀត៕