សន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ។


ពិធីនេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង សា្ថប័ន និងរាជធានី ខេត្ត និងជាអនុប្រធាននិងសមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញអង្គភាពក្រោមឱវាទ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបចំនួនប្រមាណ ៣៦០នាក់។


ថ្លែងមតិក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ ដែលបានចូលរួមរៀបចំសន្និបាតនៅពេលនេះ ឱ្យប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ខិតខំប្រតិបត្តិវិធានសុខាភិបាលតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។


ទោះបីត្រូវរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញថារយៈពេល២ឆ្នាំ ២០២០ និង២០២១ កន្លងទៅនេះ លើវិស័យមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖


១៖ ការពុះពាររក្សាបាននូវប្រក្រត្រីភាពការងាររបស់មន្រ្តីរាជការ រួមចំណែកដល់ដំណើរការឥតអាក់នៃយន្តការរដ្ឋបាលសាធារណៈគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដើម្បីធានាការបើកប្រាក់បៀវត្សបានទៀងទាត់។


២៖ ទន្ទឹមនឹងការចូលរួមចំណែកជាមួយកម្មវិធីកំណែទម្រង់លើវិស័យអាទិភាពដទៃទៀត យើងបានបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ មានជាអាទិ៍៖ ការកែសម្រួលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ការពិនិត្យកែសម្រួលតួនាទី និងភារកិច្ច រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមុខងារសាធារណៈ, ការរួមគ្នាពិភាក្សាពិនិត្យសម្រេចលើសំណើសុំកែសម្រួលបំពេញបន្ថែមរចនាសម្ព័ន្ធអង្គភាពចំណុះ និងតម្រូវការក្របខ័ណ្ឌ, ការពង្រឹងកិច្ចការនីតិកម្ម, ការជំរុញលើកកម្ពស់គុណភាពនៃការប្រឡងជ្រើសរើសមន្រ្តីរាជការតាមក្រសួង ស្ថាប័ន ផ្អែកលើមូលដ្ឋាននៃគោលការណ៍គុណាធិបតេយ្យ, ការបន្តរៀបចំវគ្គបណ្តុះបណ្តាល កសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងការពុះពារអភិវឌ្ឍផ្នែកសូហ្វវែរ (Software) ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ។


៣៖ ការអនុវត្តរបត់នៃការរស់នៅ និងបំពេញការងាររបស់មន្ត្រីរាជការក្នុងគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ដើម្បីចូលរួមចលនាជាតិប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ ដូចជា៖ ការអនុវត្តម៉ឺងម៉ាត់វិធានការសុខាភិបាល «៣ការពារ ៣កុំ» ការចាក់វ៉ាក់សាំងការពារបានគ្រប់ៗគ្នា ការស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនដល់មូលនិធិកូវីដ-១៩ ការចូលរួមចំណែកសន្សំសំចៃថវិកា និងមធ្យោបាយបំពេញការងារ។ល។


៤៖ ក្រៅពីការងារស្នូល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំចំណាយពេលវេលាក្រៅម៉ោងធ្វើការ និងមធ្យោបាយផ្ទាល់ខ្លួន ដើម្បីចុះបំពេញការងារតាមមូលដ្ឋាន ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។


៥៖ ការរក្សាទំនាក់ទំនងអន្តរជាតិ ឆ្លៀតពង្រឹងកិច្ចសហការ ដើម្បីបន្តរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។


សមិទ្ធផលទាំងនេះអាចសម្រេចបានអាស្រ័យដោយកត្តាសំខាន់ៗដូចខាងក្រោម៖


ទី១៖ ការដឹកនាំដោយផ្ទាល់ប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យមុខងារសាធារណៈ។

ទី២៖ កិច្ចសហការល្អពីក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងមុខងារសាធារណៈ។

ទី៣៖ ស្មារតីបំពេញការងារ និងការទទួលខុសត្រូវជាមួយរបស់មន្ដ្រីរាជការទូទាំងប្រទេស និងដោយឡែករបស់ក្រសួងមុខងារសាធារណៈ ពិសេសក្នុងកាលៈ ទេសៈនៃការប្រឈមចំពោះផលវិបាកបង្កដោយជំងឺកូវីដ-១៩។


ទន្ទឹមនឹងជោគជ័យដែលសម្រេចបានកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីព្រុំ សុខា ក៏បានរំលេចនូវបញ្ហាប្រឈម និងកិច្ចការមួយចំនួនដែលទាមទារត្រូវដោះស្រាយបន្តទៅទៀត ដើម្បីលើកកម្ពស់គុណភាពការងារគ្រប់គ្រងមុខងារសាធារណៈ។ ជាទិសដៅសម្រាប់ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី បានកំណត់នូវបេសកកម្មជាអាទិភាពទាំង៤ ដែលត្រូវពុះពារសម្រេចឱ្យបាន ដូចខាងក្រោម៖


ទី១៖ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងសមធម៌

ទី២៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពមន្រ្តីរាជការ ប្រកបដោយមនសិការវិជ្ជាជីវៈ

ទី៣៖ ការលើកកម្ពស់គុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ និង

ទី៤៖ ការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១