ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋ ប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការរៀបចំ ពិធីចុះហត្ថលេខាតាមប្រព័ន្ធអនឡាញ លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ» រវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។


ពិធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំណាងដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងភាគីចិនតំណាងដោយ ឯកឧត្តម ហ្វូ ស៊ីងហ្គៅ (Fu Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ជីន ស៊ី (CHEN Xi) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស កុម្មុយនីស្តចិន។


ថ្លែងក្នុងមតិបើក ឯកឧត្តម ជីន ស៊ី (CHEN Xi) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈ ចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តចិន និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីក្តីសោមនស្សរីករាយចំពោះកម្មវិធីចុះអនុស្សរណៈនៃ ការយោគយល់គ្នានាពេលនេះ ព្រមទាំងបានផ្លាស់ប្តូរមតិក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន រួមជាមួយនឹងគោលជំហរច្បាស់លាស់រឹងមាំ ក្នុងការបន្តពង្រឹងទំនាក់ទំនងកិច្ច សហប្រតិបតិបត្តិការទៅវិញទៅមក ដើម្បីជំរុញកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ពិសេសការលើកកម្ពស់ជីវភាពប្រជាជននៃប្រជាជាតិទាំងពីរ និងរក្សានូវមិត្តភាពដែលមានតម្លៃ មិនអាចកាត់ថ្លៃបាននេះ។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ជីន ស៊ី (CHEN Xi) ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររបស់ស្ថាប័នទាំងពីរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងទំនាក់ទំនងស្អិតរមួត សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។


ចុងបញ្ចប់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និងឯកឧត្តម ហ្វូ ស៊ីងហ្គៅ (Fu Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ដែលនេះគឺជាការបើកទំព័រកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមុខងារសាធារណៈ និងការបោះជំហានជាយុទ្ធសាស្ត្រ មួយកម្រិតទៀត ក្នុងការរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១