ឯកឧត្តម ព្រុំ សុខា អញ្ជើញចូលរួមក្នុងពិធីជ្រើសរើសកន្លែងបំពេញមុខងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ នៅសាលាភូមិន្ទរដ្ឋបាល


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីជ្រើសរើសកន្លែងបំពេញមុខងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ប្រក្រតីភាពថ្មី) ដែលពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង ២០០នាក់។


បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ ដែលអានដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងនូវការអបអរសាទរដល់សិស្សមន្ត្រីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនាពេលនេះ និងក៏បានធ្វើការកោតសសើរយ៉ាងស្មោះផងដែរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានខិតខំពុះពារដំណើរការនៃវគ្គបណ្តុះបណ្តាលបានដោយជោគជ័យ ទោះជាយើងស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។


ថ្លែងទៅកាន់សិស្សមន្ត្រីដែលនឹងបំពេញមុខងារតាមក្រសួង-ស្ថាប័ននានាពេលខាងមុខ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានមានប្រសាសន៍ថា ក្នុងរដ្ឋបាលសាធារណៈ យើងត្រូវធ្វើឱ្យមានការប្រែក្លាយពីមន្រ្តីផ្តល់សេវាសាធារណៈ ទៅជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនេះគឺស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា «មន្រ្តីជាអ្នកបម្រើប្រជាពលរដ្ឋ»។ ក្នុងន័យនេះ មន្រ្តីមុខងារសាធារណៈត្រូវការកែទម្រង់ ជាពិសេសត្រូវកែប្រែឥរិយាបទរបស់ខ្លួន ដោយត្រូវមានភាពរួសរាយរាក់ទាក់ និងមានឥរិយាបទឱនលំទោនជានិច្ចទៅកាន់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ។


ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកថា បើចង់ធ្វើជាមន្ត្រីត្រូវរក្សាតម្លៃជាមន្ត្រី។ ពាក់ព័ន្ធនឹងការជ្រើសរើសកន្លែងបំពេញមុខងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម ៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ប្រក្រតីភាពថ្មី) ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើថា អនាគតជាមន្ត្រីសាធារណៈ គឺធ្វើការងារនៅក្រសួង-ស្ថាប័នណាក៏មានតម្លៃដែរ ព្រោះតម្លៃស្ថិតនៅលើបុគ្គលយើងផ្ទាល់តែម្តង។


សូមបញ្ជាក់៖ គិតមកដល់ពេលនេះ សាលាភូមិន្ទរដ្ឋបាល បានធ្វើការបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់បានចំនួន ១១ជំនាន់ ស្មើនឹង ៥៥០នាក់ សិស្សមន្ត្រីមធ្យមបានចំនួន ៣ជំនាន់ស្មើនឹង ១៧៤នាក់ និងសិស្សមន្ត្រីក្រមការបានចំនួន៩ជំនាន់ ស្មើនឹង ៦៧៩នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១