ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា ជួបសំដែងការគួរសមចំពោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈកម្ពុជាដើម្បីពិភាក្សាការងារ


(ភ្នំពេញ)៖ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម Pellet Jacques ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាការងារ។


នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត Pellet Jacques បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងបារាំង លើច្រើនវិស័យមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យមុខងារសាធារណៈ។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណជ្រាលជ្រៅក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលក្នុងរយៈពេលកន្លងមក បានចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការឧបត្ថម្ភគាំទ្រ បុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជា។


ទន្ទឹមនឹងការស្នើសុំភាគីបារាំងឱ្យបន្តពង្រឹងសហប្រតិបត្តិការដែលមានស្រាប់ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានលើកឡើងពីលទ្ធភាពនៃការពង្រីកទំនាក់ទំនងសហការកាន់តែទូលាយថែមទៀតរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយនឹងក្រសួងកំណែទម្រង់និងមុខងារសាធារណៈ (Ministère de la transformation et de la fonction publique) របស់បារាំង ក៏ដូចជារវាងសាលាភូមិន្ទរដ្ឋបាល (ERA) របស់កម្ពុជាជាមួយវិទ្យាស្ថានជាតិសេវាសាធារណៈ (INSP) របស់បារាំងដែលទើបបង្កើតថ្មីកាលពីដើមឆ្នាំ២០២២នេះ។


ចុងបញ្ចប់នៃជំនួបនេះ ទាំងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទាំងឯកឧត្តម Pellet Jacquesឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា សុទ្ធតែបានសំដែងនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ចំណងមិត្តភាពយូរលង់រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងបារាំង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១