កិច្ចប្រជុំស្តីពីការរៀបចំក្រមប្រតិបត្តិ (Code of Conduct) សម្រាប់មន្រ្តីសាធារណៈនៅកម្ពុជា
(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំជាមួយគ្នាជាលើកដំបូង ដើម្បីពិភាក្សាស្តីពីការរៀបចំ «ក្រមប្រតិបត្តិសម្រាប់មន្រ្តីសាធារណៈនៅកម្ពុជា» ។ កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអនុប្រធាន ACU មន្រ្តីជំនាញរបស់ ACU ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងាររៀបចំក្រមប្រតិបត្តិ សរុបសមាសភាពចូលរួមប្រមាណ១៩រូប។
ជាលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររៀបចំក្រុមប្រតិបត្តិបានស្វែងយល់កាន់តែច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឱ្យមានក្រមប្រតិបត្តិសម្រាប់មន្រ្តីសាធារណៈនៅកម្ពុជា ព្រមទាំងបេ្តជ្ញាសហការគាំទ្រជំរុញសម្រេចឱ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននូវសេចក្តីព្រាងចុងក្រោយ នៃក្រមប្រតិបត្តិនេះ ស្របតាមស្មារតីសំរេចនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ក្រមប្រតិបត្តិនេះនឹងក្លាយជាលិខិតូបករណ៍ចាំបាច់មួយសម្រាប់អនុវត្តតាមក្រសួង ស្ថាប័នសាធារណៈ ឱ្យសមស្របតាមបរិបទ និងការរីកចម្រើនរបស់ប្រទេសជាតិផង និងអន្តរជាតិផង៕