ឯកឧត្តម យក់ ប៊ុនណា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍តាមប្រព័ន្ធអនឡាញស្តីពី «ការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ»
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈ កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍តាម ប្រព័ន្ធអនឡាញស្តីពី «ការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ» ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពីគ្រប់អង្គភាព នៅទីស្តីការក្រសួងមុខងារសាធារណៈ និងគ្រប់មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត សរុបប្រមាណជាង២០០នាក់។
យោងតាមរបាយការណ៍លទ្ធផលនៃកម្មវិធីនេះ បានបញ្ជាក់ថាសិក្ខាកាមមានការពេញចិត្ត និងចូលរួមយ៉ាងសកម្ម ដោយមានការសួរសំណួរនិងពិភាក្សាគ្នាយ៉ាងផុលផុសលើប្រធានបទនីមួយៗ។
ជាមតិបូកសរុបបិទកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់យកទៅចែករំលែកបន្តដល់សហការី ព្រមទាំង ត្រូវខិតខំដុសខាត់និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចរួមចំណែកក្នុងការអនុវត្តការងារតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ ទន្ទឹមនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តរៀបចំកម្មវិធីបែបនេះបន្តទៀត ដោយផ្តល់ឱកាសដល់វាគ្មិនដទៃទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការផ្ទៃក្នុងក្រសួងមុខងារសាធារណៈបន្ថែមទៀត៕