កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ផ្ដោតការជំរុញដំណើរការកសាងបញ្ចប់កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ (២០២២-២០៣៥)
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពិនិត្យពិភាក្សាជំរុញដំណើរការប្រមូលធាតុចូលបន្ថែមឈានទៅបញ្ចប់ឱ្យបានឆាប់នូវឯកសារផ្លូវការជាកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ សំរាប់ការអនុវត្តក្នុងរយៈពេលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមរបស់សមាជិកគណៈកម្មាធិការដែលជាតំណាងក្រសួង ស្ថាប័នទាំងអស់នៅថ្នាក់ជាតិ និងប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈដែលជាអភិបាល ឬតំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៥ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត សរុបអ្នកចូលរួមមានចំនួន ១៥០រូប។
ថ្លែងមតិបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានធ្វើការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមពីវឌ្ឍនភាពនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដំណើរការចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។
កំណែទម្រង់រដ្ឋបាលសាធារណៈមានតួនាទីស្នូលក្នុងការកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងធនធានមនុស្សក្នុងវិស័យសាធារណៈ ធ្វើជាបង្អែករឹងមាំដល់ផ្នែកឯកជន និងបង្កលក្ខណៈធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ។
បន្ទាប់ពីបានពិភាក្សាសំរេចលើនីតិវិធីនៃការជំរុញអនុម័តជាផ្លូវការឱ្យបានឆាប់នូវកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ សំរាប់រយៈពេល ២០២២-២០៣៥ រួចមក កិច្ចប្រជុំក៏បានតាមដានដោយយកចិត្តទុកដាក់នូវបទបង្ហាញពីការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានមន្ត្រីរាជការ និងតារាងបៀវត្ស ដែលកំពុងអនុវត្តសាកល្បងប្រើប្រាស់ដោយជោគជ័យ នូវកម្មវិធីផ្នែកទន់ (Software) ថ្មី ដែលបង្កើតឡើងដោយមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ហើយខាងមុខនេះក្រសួងមុខងារសាធារណៈក៏នឹងទទួលបាននូវជំនួយម៉ាស៊ីនផ្នែករឹង (Hardware) ថ្មីផងដែរ។
ថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានគូសបញ្ជាក់សារជាថ្មីពីសារៈសំខាន់មានអត្ថន័យស្លាប់រស់នៃកំណែទម្រង់រដ្ឋបាលសាធារណៈតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ “កែទម្រង់រស់ មិនកែទម្រង់ស្លាប់”។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា កម្មវិធីកំណែទម្រង់ទាំងអស់អាចអនុវត្តសំរេចជោគជ័យទៅបានគឺអាស្រ័យដោយការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធទាំងអស់ នៅគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដោយមានការគាំទ្រពីប្រជាជននិងសង្គមជាតិទាំងមូល។