ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងគ្រប់គ្រង
បុគ្គលិកនៃសាធារណរដ្ឋកូរ៉េខាងត្បូង ចុះហត្ថលេខាលើអនុស្សរណៈ
នៃការយោគយល់គ្នា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានការរៀបចំពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាតាមប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី«ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ»។


ពិធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំណាងដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម គីម វ៉ូ ហូ (Kim Woo Ho) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក ជាតំណាងភាគីសាធារណរដ្ឋកូរ៉េ ហើយមានការអញ្ជើញចូលរួមជាសក្ខីភាពផ្ទាល់ដោយឯកឧត្តម ផាក ហ៊ឹងខ្យង់ (PARK Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ។


ថ្លែងមតិសា្វគមន៍ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ឯកឧត្តម គីម វ៉ូ ហូ ក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបង្ហាញអំពីក្តីសោមនស្សរីករាយចំពោះកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការជាពិសេសនេះនឹងអាចបណ្តុះបណ្តាលអ្នកជំនាញជាច្រើនសម្រាប់វិស័យមុខងារសាធារណៈ។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ក្នុងការបង្កើតភាពជាដៃគូសហប្រតិបត្តិការកម្រិតទ្វេភាគីយ៉ាងល្អប្រសើរមកដល់បច្ចុប្បន្ន និងនាពេលអនាគត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗចំនួន០២ គឺ៖


១). តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នទាំងពីរនឹងអាចសម្រេចបាននូវការពង្រឹង ការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសទាំងពីរ


២). ដើម្បីធានាជំរុញការអនុវត្តអនុស្សរណៈនេះដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរត្រូវរៀបចំកសាងនូវផែនការប្រចាំឆ្នាំ និងសកម្មភាពសហប្រតិបត្តិការ ដែលមានលក្ខណៈជាក់ស្តែង និងអាចអនុវត្តបានក្នុងបរិបទកូវីដ-១៩។


ចុងបញ្ចប់ ទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េខាងត្បូង សុទ្ធតែបានប្តេជ្ញាចិត្ត អនុវត្តសហប្រតិបត្តិការនេះឱ្យចេញជាសកម្មភាពជាក់ស្តែង សំដៅរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងកូរ៉េ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១