ក្រសួងមុខងារសាធារណៈ រួមគ្នាជាមួយក្រសួងកិច្ចការនារី រៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្ត្រី


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញរួមគ្នាមួយស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្ត្រី៖ សិល្បៈនៃការប្រាស្រ័យទាក់ទង ប្រកបដោយឥទ្ធិពល» ដែលធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។


វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំនិងចូលរួមតាមប្រព័ន្ធអនឡាញក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងការចូលរួមពីលោកជំទាវ គឹម ស៊ីផាត់ តំណាងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារ សាធារណៈ និងក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួមសរុបប្រមាណ ១០៣នាក់ ក្នុងនោះមានសិក្ខាកាមជាមន្ត្រីរាជការ ជាស្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលមានឋានៈ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរមុខងារសាធារណ: រាជធានី-ខេត្ត សរុបចំនួន៧២នាក់។


ថ្លែងមតិបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តរដ្ឋមន្រ្តី ព្រុំ សុខា បានលើកឡើងចំណុចសំខាន់បី ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្រ្តីក្នុងវិស័យមុខងារសាធារណៈមានជាអាទិ៍៖

១).ការកសាងភាពជាអ្នកដឹកនាំត្រូវផ្តើមចេញពីការអប់រំ (Leadership begins with an educated mind) ដើម្បីមានមូលដ្ឋានរឹងមាំទាំងចំណេះដឹង និងចំណេះធ្វើ ឆ្លងតាមការរៀនសូត្រជាប្រចាំ សម្រាប់ការដឹកនាំ ការបំពេញការងារ និងការប្រកបរបរចិញ្ចឹមជីវិត។ ក្នុងន័យនេះ អ្នកដឹកនាំ គឺជាមនុស្សដែលមានសមត្ថភាពអាចពុះពារគ្រប់ឱបសគ្គ ដឹកនាំដោះស្រាយបញ្ហាក្នុងគ្រប់កាលៈទេសៈ ពិសេសពេលលំបាក ស្មុគស្មាញបំផុត។

២).គុណតម្លៃរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ គឺការផ្តល់អាទិភាពលើភាពចំរុះនៃការដឹកនាំដែលមិនគ្រាន់តែផ្អែកលើការកំណត់សមាមាត្រឫកូតតានោះទេ (The value of women is prioritising diversity in leadership. It is not about achieving an optical balance) ប្រការសំខាន់ត្រូវផ្តោតលើការជ្រើសរើសអ្នកដឹកនាំជាស្រ្តីតាមបែបគុណាធិបតេយ្យ (prioritising is not by proportion but by merit) ។

៣).ការលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្ត្រីត្រូវដំណើរការក្នុងស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា ពិសេស ក្នុងពេលបច្ចុប្បន្នក្នុងបរិបទកូវីដ-១៩។


សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាប និងលើកកម្ពស់យេនឌ័រនៅក្នុងវិស័យមុខងារសារធារណៈពង្រឹងនូវសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងការបំពេញការងាររបស់មន្រ្តីរាជការជាស្ត្រីនៃក្រសួងមុខងារសាធារណៈក្នុងកម្រិតគ្រប់គ្រង ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារក្នុងបរិបទសម្រាប់ការផ្លាស់ប្តូរនៃសកលភាវូបនីយកម្ម និងក្នុងស្ថានភាពនៃការរីករាលដាល ជាសាកលនៃជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ១៩៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១