ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ចូលរួមត្រួតពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានចូលរួមត្រួតពិនិត្យ ដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១ ចំនួន ៣៩កន្លែង (ក្របខណ្ឌ “ក”) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងបានរៀបចំឱ្យបេក្ខជនទាំង ២៤៨ នាក់ចូលរួមប្រឡងតាមប្រព័ន្ធអនឡាញលើវិញ្ញាសា (១) ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ (២) វិញ្ញាសាភាសាអង់គ្លេស និង (៣) វិញ្ញាសាជំនាញមួយក្នុងចំណោម (ក) នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ (ខ) ទូរគមនាគមន៍ ឬ (គ) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា។
ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ក្រសួងបានរៀបចំប្រព័ន្ធប្រឡង និងនីតិវិធីដូចខាងក្រោម៖
– រៀបចំ “ប្រព័ន្ធប្រឡង” ដែលអាចថតរាល់សកម្មភាពលើអេក្រង់កុំព្យូទ័ររបស់បេក្ខជន និងរូបភាពសកម្មភាពកំពុងប្រឡងរបស់បេក្ខជន
– បេក្ខជនត្រូវមានឧបករណ៍អេឡិចត្រូនិចភ្ជាប់ជាមួយ សម្រាប់ចូលកម្មវិធី Zoom ដោយតម្រូវឱ្យបើកកាមេរ៉ា និងសម្លេង (Video and Microphone) ដើម្បីត្រួតពិនិត្យមជ្ឈដ្ឋានជុំវិញខ្លួនបេក្ខជននៅពេលប្រឡង
– បន្ទប់ប្រឡងអនឡាញនីមួយៗមានបេក្ខជនចន្លោះពី១៨ ទៅ២២ នាក់ដោយមានអនុរក្ស ២ នាក់ត្រួតពិនិត្យតាមប្រព័ន្ធ Zoom និងម្នាក់ទៀតត្រួតពិនិត្យអេក្រង់ “ប្រព័ន្ធប្រឡង”
– បេក្ខជនដែលមិនមានឧបករណ៍អេឡិចត្រូនិចចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការប្រឡង ក្រសួងបានឱ្យខ្ចីឧបករណ៍ និងផ្តល់ទីតាំងប្រឡងជូន ដោយអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ
– រៀបចំការប្រឡងសាកល្បងចំនួនពីរលើក (នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) ដើម្បីធានាថាបេក្ខជនចេះប្រើប្រព័ន្ធប្រឡង
– មានបទប្បញ្ញត្តិប្រឡង និងសៀវភៅណែនាំពីរបៀបប្រឡងច្បាស់លាស់។
កិចំពោះបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរតាមប្រព័ន្ធអនឡាញនឹងត្រូវចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ដែលគណៈកម្មការប្រឡងនឹងជូនដំណឹងនៅពេលក្រោយ។