ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា ជួបសំដែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ម៉ារីយ៉ាម សាលីម ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះជំនួយឧបត្ថម្ភកន្លងមករបស់ធនាគារពិភពលោក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាពិសេសការគាំទ្រដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។


ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានប្តេជ្ញាខិតខំបន្តអនុវត្តគម្រោងជំនួយបច្ចេកទេសដែលមានបច្ចុប្បន្នឱ្យសម្រេចបានដល់គោលដៅដែលមានជាអាទិ៍៖ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ការរៀបចំផែនការនិរន្តរភាពការងារក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សេវាសាធារណៈ និងការសិក្សា ស្តីពីលាភការ ការលើកទឹកចិត្ត និងសមិទ្ធកម្មក្នុងវិស័យសាធារណៈ។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមក និងសង្ឃឹមថាក្រុមការងារភាគីទាំងពីរនឹងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដែលមានលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់កម្ពុជាហើយសមស្របតាមគន្លង នៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ក៏ដូចជាកំណែទម្រង់រដ្ឋបាលសាធារណៈ នៅកម្ពុជា។


ជាចុងក្រោយនៃជំនួបនេះទាំងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ម៉ារីយ៉ាម សាលីម ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនាពេលអនាគត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១