ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ជួបគ្នាពិភាក្សាបន្តជំរុញកិច្ចសហការទ្វេភាគីលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ


(ភ្នំពេញ)៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។


ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្រ្តាលី។ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈរួមមាន៖ ការគាំទ្រលើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សេវាសាធារណៈ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ និងការរៀបចំផែនការនិរន្តរភាពការងារក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។


ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចំពោះជំនួយរបស់ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់វិស័យសុខភាពសាធារណៈរបស់កម្ពុជា ពិសេសជំនួយផ្នែកសុខាភិបាល សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាសម្រាប់ការសិក្សានៅអូស្ត្រាលី។


ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានផ្លាស់ប្ដូរមតិ ជុំវិញខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយបានធ្វើការកត់សម្គាល់ ពីការជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជាឱ្យសម្រេចបានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះឡើង ហើយដែល បានរួមចំណែកដល់បុព្វហេតុសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា។


ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានរំលឹកគូសបញ្ជាក់បន្ថែមទៀតថា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចកើតមានបានឡើយ ប្រសិនជាគ្មានការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយកិច្ចព្រមព្រៀងនេះក៏មិនអាចសម្រេចជោគជ័យបានឡើយ ប្រសិនជាគ្មានការចូលរួមគោរពអនុវត្តដោយស្មោះស្ម័គ្រពីភាគីប្រដាប់អាវុធកម្ពុជាទាំងឡាយ ពិសេសភាគីដ៏សំខាន់មួយដែលមិនអាចខ្វះបានគឺភាគីរដ្ឋកម្ពុជា។


ជាចុងក្រោយនៃជំនួបនេះទាំងឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈនឹងបន្តរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងអូស្រ្តាលី។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១