ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ចេញប្រកាសព័ត៌មានជុំវិញលទ្ធផលនៃសន្និសីទស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ»
(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ដោយសារស្ថានភាពកូវីដ-១៩ និងដើម្បីរក្សាគម្លាតសុវត្ថិភាព សន្និសីទនេះត្រូវបានរៀបចំ និងចូលរួមតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ និងលោកស្រី ត្យូ ឡេឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិតចាប់ពីអគ្គនាយករងដល់រដ្ឋលេខាធិការនៅថ្នាក់ជាតិ និងសិក្ខាកាមជាអភិបាល-អភិបាលរងរាជធានី ខេត្ត និងប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឬតំណាង សរុបប្រមាណជាង ២០០ នាក់។
ក្រោយបញ្ចប់សនន្និសីទនេះហើយ ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលនៃការរៀបចំសន្និសីទនេះ ដែលមានខ្លឹមសារដូចតទៅ៖
ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
គោលបំណងសំខាន់នៃសន្និសីទអន្តរជាតិថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍៖
ទី១៖ សារៈសំខាន់នៃភាពជាអ្នកដឹកនាំ និងការដឹកនាំការផ្លាស់ប្តូរជាវិជ្ជមាន (ជាករណីសិក្សាអំពីរដ្ឋាករទឹកភ្នំពេញរបស់កម្ពុជា) ដែលធ្វើបទបង្ហាញដោយលោក Lim Siong Guan អតីតប្រមុខមុខងារសាធារណសិង្ហបុរី
ទី២៖ ការកសាងទីក្រុងឆ្លាត ដែលធ្វើបទបង្ហាញដោយលោក Huang Jue Jing អនុប្រធានជាន់ខ្ពស់នៃការិយាល័យរដ្ឋាភិបាលឌីជីថល និងប្រជាជាតិឆ្លាតវៃ (Smart Nation) របស់សិង្ហបុរី។
អង្គសិក្ខាសាលាបានស្វែងយល់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រច និងប្រកាន់វិធានការសមស្រប សម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព។
ថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំប្រកបដោយនវានុវត្តន៍របស់អាស៊ាន ក្នុងការបង្កើតបណ្ដាញទីក្រុងឆ្លាតដែលអភិបាលកិច្ចល្អនៃការគ្រប់គ្រងទីក្រុងបែបនេះ នឹងជួយឱ្យប្រជាជនគ្រប់រូបអាចរស់នៅបាន (Livable City)។ សម្រាប់កម្ពុជាប្រព័ន្ធអភិបាលកិច្ចរឹងមាំក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួយឱ្យកម្ពុជាពុះពារដោះស្រាយបានវិបត្តិកូវីដ-១៩៕