ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោកធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពីផែនការការបន្តនិរន្តរភាពការងារ


រាជធានីភ្នំពេញ៖ សិក្ខាសាលាមួយតាមប្រព័ន្ធអនឡាញដែលរៀបចំដោយក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងមានការគាំទ្រថវិកាដោយមូលនិធិ Trust Fund របស់រដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប (EU) បានបូកសរុប និងវាយតម្លៃការរៀបចំផែនការបន្តនិរន្តរភាពការងារ (Business Continuity Plan-BCP) របស់សា្ថប័ន អង្គភាព ក្នុងស្ថានភាពនៃគ្រោះមហន្តរាយនានា ដូចជាការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ល។


សិក្ខាសាលានេះ ដែលស្ថិតក្រោមអធិបតីភាពឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងលោកស្រី អស់លោក ជាវាគ្មិនជាតិ និងអន្តរជាតិដែលជាក្រុមការងារនៃធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍សរុបចំនួន១២៧នាក់។


មានមតិទៅកាន់សិក្ខាសាលាឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមការងារក្រសួងដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រុមការងារធនាគារពិភពលោក ក្នុងការត្រៀមរៀបចំឱ្យយសិក្ខាសាលានេះបានដំណើរការល្អប្រសើរ ទោះបីជាយើងកំពុងប្រឈមនឹងការលំបាកនានា ក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ-១៩ ក៏ ដោយ។


ចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់អង្គសិក្ខាសាលានូវខ្លឹមសារសំខាន់៣ចំណុច៖

– សិក្ខាកាមទាំងអស់ត្រូវចូលរួមផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីធ្វើឱ្យផែនការបន្តនិរន្តរភាពការងារ BCP មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចយកទៅអនុវត្តបាន។

– ក្រុមការងារ BCP ត្រូវខិតខំសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាអ្នកជំនាញ ឬជាជនបង្គោលក្នុងការធ្វើផែនការបន្តនិរន្តរភាពការងារ ដើម្បីជួយក្រសួង ស្ថាប័នដទៃទៀតក្នុងការរៀបចំ BCP ផងដែរ។

– ប្រែក្លាយលទ្ធផល នៃដំណើរការកសាងផែនការបន្តនិរន្តរភាពការងារ BCP ទៅជាគោលគំនិតជាមូលដ្ឋានសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាក្នុងទម្រង់ថ្មីនៃសម័យកាលក្រោយកូវីដ-១៩ (The New Normal of Post Covid-19)។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១