ក្រុមការងារខេត្តក្រចេះ ចុះជួយមន្ត្រីមូលដ្ឋានដើម្បីរៀបចំបង្កើតភូមិថ្មី នៅឃុំបុសលាវ ស្រុកចិត្របុរី


ខេត្ដក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារឃុំនានាក្នុងស្រុកចិត្របុរីបានចុះទៅជួបមន្ត្រីមូលដ្ឋាននិងតំណាងប្រជាពលរដ្ឋប្រមាណ៥០នាក់ក្នុងភូមិព្រែកតាអាំនៃឃុំបុសលាវដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំភូមិ ដែលនឹងក្លាយទៅជាបេក្ខជនសម្រាប់ក្រុមប្រឹក្សាឃុំធ្វើការបោះឆ្នោតជ្រើសតាំងជាផ្លូវការជាមេភូមិ អនុភូមិ និងសមាជិកភូមិថ្មីគឺ ភូមិពោធិ ជាភូមិបង្កើតថ្មីដោយបំបែកចេញពីភូមិព្រែកតាអាំ ស្របតាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។


ការចុះមូលដ្ឋានដើម្បីរៀបចំបង្កើតភូមិថ្មីមួយនេះ ដែលជាដំណើរការសាកល្បងជាគំរូសម្រាប់កន្លែងដទៃទៀត ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្នុងបរិវេណវត្តពោធិរង្សី ស្ថិតក្នុងភូមិពោធិ ឃុំបុសលាវ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត អភិបាលស្រុកចិត្របុរី មន្ត្រីរាជការខេត្ត ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត។


បន្ទាប់ពីដំណើរការស្ទាបស្ទង់មតិលើបេក្ខភាពអ្នកដែលមានសក្តានុពលទាំង ៩រូប រួចមក ឆ្លៀតឱកាសក្នុងពេលជួបសំណេះសំណាលផ្លាស់ប្តូរយោបល់ជាមួយប្រជាពលរដ្ឋនេះផងដែរ គួបផ្សំជាមួយការផ្សព្វផ្សាយបច្ចុប្បន្នភាពសភាពការណ៍ប្រទេសជាតិ ជាពិសេសស្ថានភាពជម្ងឺកូវីដ១៩ចុងក្រោយនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះក៏បានពាំនាំនូវសារអំពាវនាវជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងជំនឿរឹងមាំនៃកំលាំងសាមគ្គីប្រជាជាតិទាំងមូលដើម្បីចូលរួមចំណែកយ៉ាងសកម្មប្រយុទ្ធយកឈ្នះកូវីដ១៩សម្រាប់បន្តបុព្វហេតុសុខសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិជាយូរអង្វែងតរៀងទៅ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១