សិក្ខាសាលាអាស៊ានអនឡាញ ស្ដីពីការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការនៃការធ្វើសម្រេចចិត្ត (Strengthening Participatory Citizenry in Decision Making Process)


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ០៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល មន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈចំនួន ០២ នាក់ បានចូលរួមសិក្ខាសាលាអាស៊ានអនឡាញ ស្ដីពីការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការនៃការធ្វើសម្រេចចិត្ត (Strengthening Participatory Citizenry in Decision Making Process) ដែល រៀបចំដោយ Ministry of Home Affairs របស់ប្រទេសវៀតណាម។ សិក្ខាសាលានេះ មានសមាសភាពចូលរួមពីមន្រ្តីរាជការជាន់ខ្ពស់ ACCSM របស់បណ្ដាប្រទេស សមាជិកអាស៊ាន (អវត្តមានប្រទេសហ្វីលីពីន) និងប្រតិភូលេខាធិការដ្ឋានអាស៊ាន។


ចំពោះសិក្ខាសាលាខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍នៃឧត្តមានុវត្ត ស្ដីពីការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៃការធ្វើសេចក្ដីព្រាងគោលនយោបាយ សាធារណៈរបស់បណ្ដាប្រទេសសមាជិកអាស៊ាន។ តាមរយៈបទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីសិក្ខាសាលាខាងលើ សិក្ខាកាមអាចពង្រឹងសមត្ថភាពក្នុងការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិស័យ មុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមចំណែកនៅក្នុងការកសាងសហគមន៍អាស៊ាន ដោយយកប្រជាជនជាស្នូលដូចមានកំណត់នៅក្នុងចក្ខុវិស័យនៃការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។ សិក្ខាសាលាខាងលើ បញ្ចប់ដោយជោគជ័យ និងក្នុងបរិយាស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គីភាពគ្នាខ្ពស់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១