ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈនិងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក Nick Beresford តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ សរុប ៣០ រូប។


ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសសការជំរុញនវានុវត្តន៍ ការអភិវឌ្ឍសមត្ថភាពអ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈលើផ្នែកនវានុវត្តន៍ និងជំរុញទំនើបកម្មការផ្តល់សេវាសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។


ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការលើវិស័យការងារចំនួន ៤ គឺ៖

១. ការបង្កើតនិងការអនុវត្តគម្រោងនវានុវត្តន៍ក្នុងវិស័យសាធារណៈ

២. ការរៀបចំកម្មវិធីសិក្សាស្តីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល

៣. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ននៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា

៤.ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន


ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ព្រុំ សុខា បានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការកសាងគ្រឹះនៃរដ្ឋបាលសាធារណៈបច្ចុប្បន្ន គោលដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងសារៈសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រគ្នាទៅវិញទៅមកឈានទៅសម្រេចគោលដៅរួម គឺការពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុងរងការវាយប្រហារដោយជម្ងឺកូវីដ១៩។ គួរបញ្ជាក់ថា UNDP ធ្លាប់បានផ្តើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០។


ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និង លោក Nick Beresford បានប្តេជ្ញាបន្តសហការ ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរបំពេញ ការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នាដែលត្រូវបានចុះ ហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាជូនប្រទេសជាតិ និងប្រជាជន ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១