ប្រតិភូក្រសួងមុខងារសាធារណៈ ចុះជួបលើកទឹកចិត្តគ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាមដែលមានស្នាដៃព្យាបាលអ្នកជំងឺកូវីដ១៩


ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ប្រតិភូក្រសួងមុខងារសាធារណៈដែលដឹកនាំដោយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងសហការីជាច្រើនរូបទៀត បានអញ្ជើញចុះទៅជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្តគ្រូពេទ្យនិងបុគ្គលិកបម្រើការនៅមន្ទីរពេទ្យខេត្តកំពង់ចាមចំនួនជាង ៨០នាក់។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមនិងមតិស្វាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត មន្ទីរសុខាភិបាល ពិសេសថ្នាក់ដឹកនាំនិងគ្រូពេទ្យ ព្រមទាំងបុគ្គលិកបម្រើការងារទាំងអស់នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្តល់សេវាពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លទ្ធផលនេះ ជាសក្ខីភាពថ្មីបន្ថែមទៀតទៅលើស្នាដៃកន្លងមករបស់មន្ទីរពេទ្យខេត្តកំពង់ចាមជាអង្គភាពផ្តល់សេវាសាធារណៈដែលធ្លាប់បានទទួលជ័យលាភីលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០១៩។ ជាក់ស្តែង អ្នកសង្ស័យឆ្លងមេរោគកូវីដ១៩ ចំនួន ៥១៣នាក់ (៦១នាក់ជាអ្នកដំណើរនៃនាវាទេសចរណ៍ Viking Cruise Journey) ដែលបានដាក់ក្នុងស្ថានភាពចត្តាឡីស័ក និងអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ១៦នាក់ (ជនបរទេស ១៥នាក់) បានទទួលការពិនិត្យ ថែទាំនិងសម្រាកព្យាបាលរហូតជាសះស្បើយជាស្ថាពរទាំងអស់គ្នា។


ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយផ្នែកសុខាភិបាលនិងមន្ទីរពេទ្យខេត្ត មណ្ឌលសុខភាពតាមមូលដ្ឋានឱ្យបានល្អប្រសើរជាបន្តទៀត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យដើរទន្ទឹមនឹងការដោះស្រាយរាល់ការលំបាកជាបណ្តោះអាសន្នខាងសេដ្ឋកិច្ចនិងសង្គមកិច្ច ដែលបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ សំដៅការពាររឹងមាំសុខភាពនិងសុខុមាលភាពសាធារណៈ រួមចំណែកការពារសុខសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ។

ជាចុងក្រោយ ប្រតិភូក្រសួងមុខងារសាធារណៈ ក៏បានឆ្លៀតពេលជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាមផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១