ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញចូលរួមពិធីប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានរៀបចំពិធីប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈជាច្រើននាក់។


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់ក្រសួងមុខងារសាធារណៈក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការគ្រប់គ្រងមន្ត្រីរាជការ ការការពារផលប្រយោជន៍របស់មន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន ការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបត្រូវបានតែងតាំង បានមានប្រសាសន៍ថា ឯកឧត្តមសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ទំនុកចិត្ត តែងតាំងឯកឧត្តមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះសមិទ្ធផលជាស្នាដៃការងាររបស់ក្រសួងមុខងារសាធារណៈតាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិតទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ដែលបានចូលរួមចំណែកនិងអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលលើការកែទម្រង់រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ រួមជាមួយការចូលរួមលើកកម្ពស់សមត្ថភាពជំនាញរបស់មន្ត្រីរាជការសាធារណៈ ។


ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ដើម្បីបន្តនិរន្តរភាពនៃការងារទាំងឡាយខាងលើនិងឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភានិងរាជរដ្ឋាភិបាល ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តដោយគាំទ្រ និងបន្តជម្រុញឱ្យបានជោគជ័យ កំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំងបួន ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយប្រកាន់ភ្ជាប់នៅបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបាវចនា២គឺ “កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យនិងអធិបតេយ្យភាពជាតិ” ។


អភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។


នៅក្នុងពិធីនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើឯកឧត្តមរដ្ឋមន្ត្រីថ្មីឱ្យខិតខំធ្វើការបម្រើនិងការពារផលប្រយោជន៍មន្ត្រីរាជការ ជាពិសេសគឺការពារឱ្យខាងតែបាននូវបាវនារបស់ក្រសួងមុខងារសាធារណៈគឺ ការពារផលប្រយោជន៍សាធារណៈ ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និងការពារផលប្រយោជន៍មន្ត្រី ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១