សិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
ខេត្ដកំពង់ចាម ៖ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ៧ មករា ឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងដឹកនាំសិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលលក្ខណៈវិនិច្ឆ័យស្ដីពីស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្ដែង។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ មន្ដ្រីបច្ចេកទេសដែលជាតំណាងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) មកពីក្រសួងមុខងារសាធារណៈ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន។