«ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងសំណេះសំណាល»

«ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងសំណេះសំណាល»


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តបតាមការស្នើរបស់ស្ថានទូតឥណ្ឌា នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម លោកជំទាវឯកអគ្គរដ្ឋទូត បានអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីថ្មី សម្រាប់អាណត្តិទី៧ ខណៈឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរសាធារណរដ្ឋឥណ្ឌា ចំពោះភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20ថ្មីៗនេះ ក្នុងទីក្រុងញូដេលី។


ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដោយបានរំលេចពីការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ទាំងនៅកម្រិតទ្វេភាគី និងក្នុងវេទិកាពហុភាគី ហើយនឹងការបន្តរក្សា ទំនាក់ទំនង ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។


ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានចែករំលែកអំពីស្ថានភាព និងកិច្ចការក្នុងវិស័យមុខងារសាធារណៈនៃប្រទេសកម្ពុជា និងឥណ្ឌា ព្រមទាំងពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍លើរចនាសម្ព័ន្ធ និងការងាររដ្ឋបាលសាធារណៈជារួមផងដែរ។ តាមរយៈកិច្ចសំណេះសំណាលនេះទៀតសោត បានអនុញ្ញាតឱ្យស្ថាប័នទាំងពីរ បន្តពិភាក្សា និងគិតគូររួមគ្នាលើគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមឆ្ពោះទៅមុខ ក្នុងវិស័យមុខងារសាធារណៈ ជាពិសេសលើការបណ្តុះបណ្តាល ឬកម្មវិធីអភិវឌ្ឍសមត្ថភាពនានាដែលពាក់ព័ន្ធ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១