ឯកឧត្តម សុខ សង្វារ ជំរុញឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកវេទិកាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។ ក្នុងប្រសាសន៍បើកវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្លឿនការងារធំៗ ចំនួន២ ទី១៖ ការរៀបចំកម្រងសេវា និងនិយាមប្រតិបត្តិឱ្យបានរួចរាល់ក្នុងអាណត្តិនេះ និងទី២៖ របៀបរបបការងារ ដើម្បីពន្លឿននីតិវិធីនៅដំណាក់កាលក្រោយពេលប្រឡង សំដៅឱ្យក្រសួង ស្ថាប័នសាមី អាចមានមន្ត្រីប្រើប្រាស់ និងបេក្ខជនជ័យលាភីឆាប់បានទទួលប្រាក់បៀវត្ស។
ក្នុងវេទិការនេះ មានការរៀបចំពិភាក្សា និងការបញ្ចេញមតិយោបល់របស់អង្គវេទិកាយ៉ាងផុសផុល ដើម្បីសិក្សារៀនសូត្របទពិសោធន៍ជោគជ័យ និងមេរៀនពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសដំណើររៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួង ស្ថាប័ន តាមនិយាមថ្មីរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។ អង្គវេទិកា ក៏បានកំណត់នូវការងារស្នូលជាអាទិភាព និងបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ ព្រមទាំងបានឈ្វេងយល់យ៉ាងច្បាស់នូវចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការអនុវត្តការងាររបស់អង្គភាពនីមួយៗចំណុះឱ្យអគ្គនាយកដ្ឋាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។
បន្ថែមលើសកម្មភាពគោលធំៗ សម្រាប់ផែនការអនុវត្តន៍ក្នុងឆ្នាំ២០២៥ អង្គវេទិកា បានឯកភាពជាទិសដៅអនុវត្ត និងរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំ ជាពិសេសពន្លឿនការរៀបចំកម្រងសេវា និងការរៀបចំនីតិវិធីនៅដំណាក់កាលក្រោយពេលប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បន្ថែមលើការងារប្រចាំថ្ងៃ៕