ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥
នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី “យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអនុវត្តប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព”។
សន្និសីទនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំងនិងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខាន់ៗដែលចាំបាច់ត្រូវកែលម្អ និងដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។ សន្និសីទនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ មានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីរាជការ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិជាច្រើនរូប។
ក្នុងសន្និសីទនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញចែករំលែកលើប្រធានបទ «កិច្ចការកែទម្រង់អភិបាលកិច្ច»។ ឯកឧត្តម បានមានប្រសាសន៍ថា ទៅលើការគិតគូរពីប្រសិទ្ធភាពរបស់រដ្ឋបាលសាធារណៈ ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះនៅក្នុងក្របខណ្ឌនៃការអនុវត្តមុខងារ តួនាទី ពាក់ព័ន្ធនឹងកិច្ចការសម្របសម្រួល និងកិច្ចការដែលក្រសួងមុខងារសាធារណៈដែលនឹងកំពុងបានអនុវត្ត គឺសម្រាប់ការកែទម្រង់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់កម្ពុជា និងទស្សនៈវិស័យទៅមុខនៅក្នុងក្របខណ្ឌនៃការកសាងរដ្ឋបាលមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ដែលអាចបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ មានប្រសាសន៍បន្ថែម លើការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ គឺជាន័យក្តោបទៅលើគ្រប់ទិដ្ឋភាពនៅក្នុងដំណើរការរបស់រដ្ឋបាលក្នុងការបម្រើសេវាដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងក្នុងជីវភាពប្រចាំថ្ងៃ ទាំងអ្នកវិនិយោគដែលបង្កធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។