ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទិន សុខឃួន


នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ជាមួយលោកជំទាវ គឹម សៀង ដែលត្រូវជាភរិយា និងលោក ទិន សុភ័ក ប្រធាននាយកដ្ឋានកិច្ចការមុខងារសាធារណៈថ្នាក់ក្រោមជាតិ នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ ដែលត្រូវជាកូន​ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ជាពិសេសបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងឧត្តុង្គឧត្តម សម្រាប់ប្រទេសជាតិ ក្នុងការជំរុញការអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងប្រតិភូទាំងអស់​ រួមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងលោកប្រធាននាយកដ្ឋាន ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទិន សុខឃួន ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១