ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងសម្តេចធិបតី សម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ក្នុងខេត្តកណ្តាល


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ក្នុងខេត្តកណ្តាល។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការរីករាយ និងចូលរួមអបអរសាទរ ចំពោះបងប្អូននៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលទទួលបានសមិទ្ធិផលថ្មី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ។


ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា “តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។”

បន្ថែមលើសុខដុមរមនីយកម្មនៃសាសនា សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលេចនូវការរៀបចំបរិយាកាសជូនប្រជាពលរដ្ឋស្មើៗគ្នាជាបរិយាបន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ដោយបានសង្កត់ធ្ងន់លើការផ្តល់ឱកាសដល់យុវជនមានឱកាសក្លាយខ្លួនជាមន្ត្រីតាមក្តីស្រមៃថា “ក្រសួងមុខងារសាធារណៈ ក្នុងជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំប្រព័ន្ធមួយដែលធានាក្នុងការផ្តល់ឱកាសស្មើៗគ្នា តាមរយៈវិធីសាស្ត្រចំបងផ្សេងៗ។  ទី១.ការផ្សព្វផ្សាយឱ្យបានយូរ ឱ្យបានទូលំទូលាយ តាមវិធីសាស្ត្រតាមបែប តាមសណ្ឋាន ទាំង Online ទាំង Offline តាមមូលដ្ឋាន និងតាមបណ្តាញផ្សព្វផ្សាយផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី២.ការរៀបចំវិញ្ញាសា ប្រកបដោយសុវត្តិភាព សុក្រឹតភាព គ្មានការបែកធ្លាយ។  ក្នុងនោះការតាក់តែងធ្វើឡើងនាពេលព្រឹក ហើយយកទៅប្រឡងនាពេលរសៀល។ ទី៣.ការធានាដល់ការរៀបចំដំណើរការប្រឡងប្រកបដោយគុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានដាក់ចេញ។” ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមបំពេញក្តីស្រមៃរបស់ ដោយស្មើភាព មានតម្លាភាព យុត្តិធម៌ និងបរិយាបន្ន។

សូមជម្រាបថា ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ដែលដាក់សម្ពោធនាថ្ងៃនេះ មានទទឹង ១៨ម៉ែត្រ បណ្តោយ២០ម៉ែត្រ សាងសង់នៅលើផ្ទៃដី ៩៣១២ម៉ែត្រការ៉េ ដោយបានចាប់ផ្តើមកសាងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ជាព្រះវិហារដែលសាងសង់ជំនួសវិហារដែលមានសភាពទ្រុឌទ្រោម។ វិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ស្ថិតក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានបងប្អូនខ្មែរឥស្លាមរស់នៅជាអចិន្ត្រៃយ៍ ដែលជាឥស្លាមបរិស័ទ ចំណុះឱ្យវិហារចំនួន២១៧គ្រួសារ ស្មើរនឹងចំនួនមនុស្សសរុប ៨៥១នាក់ ស្រី៤៤៣នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១