អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​ប្រព្រឹត្តឡើងក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃ៤​រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។


ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។


ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១