អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤

«ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
«ទិវាសន្តិភាពនៅកម្ពុជា» ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។
«ទិវាសន្តិភាពនៅកម្ពុជា» ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់រួមគ្នាលើកកម្ពស់ គុណតម្លៃ និងវប្បធម៌សន្តិភាព និងប្តេជ្ញាការពារ ថែរក្សាសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈរបស់កម្ពុជា និងសេចក្តីសុខចម្រើនប្រកបដោយអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិកម្ពុជា៕