អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥

សូមចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា (៨ មីនា ១៩១១ – ៨ មីនា ២០២៥) ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នាប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។
ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៨ ខែមីនា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃ និងលើកកម្ពស់ដល់នារីទាំងអស់ក្នុង ពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរសដែរ រួមមាន ការគោរពស្ត្រី ស្រលាញ់ស្ត្រី ការលើកកម្ពស់ស្ត្រីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួម កិច្ចការក្នុងសង្គម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតានៃពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះពរ និងគោរពជូនពរ ព្រមទាំងជូនពរដល់ស្ត្រី និងក្មេងស្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជពល និងសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕