អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស កំណត់ការងារចំនួន៥ សម្រាប់អនុវត្តបន្ត

អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស កំណត់ការងារចំនួន៥ សម្រាប់អនុវត្តបន្ត


កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិកអចិន្រ្តៃយ៍ និងសមាជិករបស់អនុគណៈកម្មាធិការ។ ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តមប្រធានអង្គប្រជុំ បានគូសបញ្ជាក់ពីគោលបំណងនៃការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖ (១)វឌ្ឍភាពនៃការរៀបចំឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យចំនួនពីរ គឺសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខនិ្តកៈដោយឡែកនៃអង្គគ្រូបង្រៀន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខនិ្តកៈដោយឡែកនៃអង្គសុខាភិបាល (២)ការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល និង (៣)ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥។

បន្ទាប់ពីបានពិភាក្សា និងពិគ្រោះយោបល់យ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចកំណត់ការងារដែលត្រូវអនុវត្តបន្តចំនួន៥ រួមមាន៖ ១)អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស ត្រូវកំណត់របបប្រជុំ ១ខែម្តង និងក្រុមការងារបច្ចេកទេសនីមួយៗ ២សប្ដាហ៍ម្តង ២)បន្តកិច្ចសហការពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដើម្បីពិនិត្យលើចំណុចបំពេញបន្ថែមចំណុចខ្វះខាត ចំណុចមិនទាន់ច្បាស់លាស់ ចំណុចកែសម្រួលនៃសេចក្ដីព្រាងព្រះរាជក្រឹត្យទាំងពីរ ៣)រៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងព្រះរាជក្រឹត្យទាំងពីរ ៤)គ្រោងស្នើសុំរៀបចំកិច្ចប្រជុំតម្រង់ទិសដើម្បីពិនិត្យលើការងារសិក្ខាសាលាពិគ្រោះយោបល់ និងគម្រោងឆ្នាំ២០២៥ របស់អនុគណៈកម្មាធិការ និង ៥)កំណត់ទិសដៅបន្តសម្រាប់គម្រោងឆ្នាំ២០២៥៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១