អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យអប់រំរបស់កម្ពុជា ចែករំលែកបទពិសោធ និងដកស្រង់បទពិសោធជាមួយអង្គភាពផ្តល់សេវាសាធារណៈ នៅព្រះរាជាណាចក្រថៃ
នៅក្នុងដំណើរទស្សនកិច្ចទៅព្រះរាជាណាចក្រថៃ អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យអប់រំឆ្នាំ២០២៣ ចំនួន២០អង្គភាព ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា បានទៅទស្សនកិច្ចនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ នៅទីក្រុងបាងកក ខេត្តសមុទ្ទស៊ុងក្រាន និងខេត្តអាយុធ្យ៉ានៃប្រទេសថៃ រយៈពេល៣ថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា និងភាគីថៃ បានផ្តាស់ប្តូរយោបល់គ្នា និងចែករំលែកបទពិសោធគ្នា ក្រោមស្មារតីមួយថា «ទោះបីជាយើងជាអង្គភាពផ្តល់សេវាសាធារណៈគំរូឈានមុនគេនៅក្នុងមូលដ្ឋានរៀងៗខ្លួនក៏ដោយ ក៏ប៉ុន្តែការសិក្សារៀនសូត្រ និងការចែករំលែកបទពិសោធគ្នា គឺជាអ្វីដែលយើងធ្វើជាប្រចាំ និងជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋរបស់យើង។
សូមជម្រាបថា ទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ ជាផ្នែកមួយនៃទស្សនកិច្ចសិក្សាក្រៅប្រទេស របស់កម្មវិធី «វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ» ដែលរៀបចំដឹកនាំដោយក្រសួងមុខងារសាធារណៈ។ ជ័យលាភីសម្រាប់វិស័យអប់រំ និងសុខាភិបាលនឹងត្រូវបានអញ្ជើញធ្វេីដំណើរទស្សនកិច្ចក្រៅប្រទេស តាមបណ្តាប្រទេសនានា ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីលក្ខណៈបច្ចេកទេសនានាផង និងចូលរូមចែករំលែកបទពិសោធន៍ ក្នុងនាមជាអង្គភាពគំរូដល់មិត្តបរទេសផង៕