អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» ដល់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល


ជាកិច្ចចាប់ផ្តើមបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេស បានថ្លែងប្រសាសន៍ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធភាព របស់មន្រ្តីរាជការលើការងារតាក់តែង រៀបចំគំរូលិខិតស្នាមនិងលិខិតបទដ្ឋានគតិយុត្តនានា ក៏ដូចជាប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការជំនាញក្រសួងមុខងារសាធារណៈនិងសាលាភូមិន្ទរដ្ឋបាល ដែលជាសិក្ខាកាមជាច្រើនរូប។

ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបានការចែករំលែកចំណេះនិងបទពិសោធជាច្រើនពីសំណាក់គ្រូឧទ្ទេសដែលជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានអង្គភាពជំនាញនៃក្រសួងមុខងារសាធារណៈ លើប្រធានបទចំនួន២ រួមមាន៖ ប្រធានបទទី១ ស្តីពីការរៀបចំលិខិតស្នាមរបស់ក្រសួងមុខងារសាធារណៈ និង ប្រធានបទទី២ ស្តីពីការពិនិត្យពិភាក្សាលើការរៀបចំទម្រង់លិខិតស្នាមរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ (សេចក្តីព្រាង ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ជាដើម)។

សូមជម្រាបថា កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» នេះ ប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១