សូមអនុមោទនា បុណ្យមាឃបូជា


មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ (ជាខែទីបីរបស់ខ្មែរ)។ បុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលព្រះអង្គដួង (ក្រុងឧត្ដុង្គ ព.ស២៣៩៧ គ.ស១៨៥៤) ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថា (មាឃបូជា) តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សមក។

កម្មវិធីបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗពីរ នៅក្នុងព្រះពុទ្ធសាសនាកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅ ហើយជាប់ទាក់ទងជាមួយខែមាឃ។ ព្រឹត្តិការណ៍ទាំងពីរនោះកើតឡើងនៅក្នុងខែមាឃដូចគ្នាប៉ុន្តែខុសឆ្នាំគឺ៖ ១-ការប្រជុំចតុរង្គសន្និបាទ និងសកម្មភាពផ្សេងៗកើតឡើងក្នុងថ្ងៃនោះ គឺប្រារព្ធនៅឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះ ក្រោយពេលបានត្រាស់ដឹងបាន៩ខែ។ និង ២-ការដាក់អាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃ ឆ្នាំរោង នៅបាវាឡចេតិយ៍ ជិតក្រុងវេសាលី នៅនឹងមុខ មាររាធិរាជ ថា”ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន”។

សង្ឃឹមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​​ពី​ថៃ្ង​មាឃបូជា​នេះ ដោយ​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន ​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និងរំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើតព្រះពុទ្ធសាសនា ​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១