“សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត”

“សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត”


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងកម្មវិធីបើកសិក្ខាសាលា«ចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា “សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។” […] “សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ននិងអនាគត តាមរយៈការគាំទ្រសាលារៀននិងមន្ទីរពេទ្យរបស់យើង។” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមជូនអង្គសិក្ខាសាលា។

ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាការបន្តអនុវត្តស្មារតីរួមចំណែកដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផង និងជាការរួមសហការគ្នាក្នុងស្មារតីនៃ«ជវភាពក្នុងប្រព័ន្ធតួអង្គតែមួយ»ផង ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ដែលក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ គណៈគ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត។

ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា “ការយល់ដឹងដ៏ត្រឹមត្រូវ និងច្បាស់លាស់ ព្រមជាមួយនឹងឆន្ទៈ នៃការអនុវត្តរបស់គ្រប់អង្គភាព គឺជាការចូលរួមចំណែកដ៏ថ្លៃថ្លា ក្នុងចលនាប្រឡងប្រណាំងការផ្តល់សេវាសាធារណៈគំរូ និងក៏ជាការរួមចំណែក ក្នុងការអនុវត្តវិធានការគន្លឹះទាំងបីរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាន នូវគោលបំណងជាយុទ្ធសាស្ត្រដែលកំណត់ដោយបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំឈានទៅសម្រេច ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។”

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ហើយតាមរយៈនៃការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងការផ្តល់សេវាសាធារណៈគំរូនេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១