លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារយេនឌ័រក្រសួងមុខងារសាធារណៈ ផ្ញើសារក្នុងឱកាសខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូម»
“នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការជាស្រ្តីទាំងអស់នៃក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នដទៃទៀត ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនក្រសួង និងសង្គមជាតិ។ នេះជាគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការជាស្ត្រី ពិតជាបានបង្ហាញឱ្យឃើញអំពីភាពជាថ្នាក់ដឹកនាំស្រ្តីគំរូ ភាពអង់អាច និងភាពជាអ្នកម្តាយដែលប្រកបដោយព្រហ្មវិហាធម៌ ចរិយាធម៌ មនុស្សធម៌ដ៏ប្រពៃ មានទឹកចិត្តសណ្តោសប្រោសប្រណី និងជាម្លប់ដល់កូនចៅទាំងអស់គ្នាផងដែរ។
នាងខ្ញុំសូមស្នើដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការជាស្រ្តីទាំងអស់ សូមបន្តរក្សា និងបង្កើនឆន្ទៈ ស្មារតីរួបរួម សាមគ្គីឯកភាព ក្នុងរង្វង់ស្ត្រីដូចគ្នា និងខិតខំពង្រឹងសមត្ថភាព ដោយប្រើប្រាស់សមត្ថភាព ទេព្យកោសល្យ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបំពេញភារកិច្ច និងនាំយកសមិទ្ធផលការងារជូនសង្គមជាតិយើង។ ក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំស្ត្រី និងមន្ត្រីរាជការជាស្រ្តីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕”