រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កម្ពុជា និងរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិក កូរ៉េ ជួបពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program ក្នុងជំនួបទ្វេភាគីនៅសាធាណៈរដ្ឋកូរ៉េ

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កម្ពុជា និងរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិក កូរ៉េ ជួបពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program ក្នុងជំនួបទ្វេភាគីនៅសាធាណៈរដ្ឋកូរ៉េ


ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតទៅថ្ងៃអនាគត និងចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នា និងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។


មានប្រសាសន៍ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបាន លើកយកនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ គឺ៖ (១).ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (២).ការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣).ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួល។


ទន្ទឹមនឹងការរំលឹកដល់អនុស្សារណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសរវាងក្រសួងទាំងពីរ បន្តធ្វើការទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់នៅសាធារណៈរដ្ឋកូរ៉េ និងតាមប្រព័ន្ធ Online ព្រមទាំងសិក្សា ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្តូរ (Exchange Program) ដោយធ្វើការបញ្ជូនមន្រ្តីបច្ចេកទេសជំនាញរៀងៗខ្លួនមកព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េដើម្បីសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមកនៅក្នុងវិស័យមុខងារសាធារណៈ។


បន្ថែមលើ ការពិភាក្សាប្រកបដោយភាពស្និតស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានអញ្ជើញ ឯកឧត្តម KIM Seung Ho ចូលរួមក្នុងកិច្ចប្រជុំលើក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីលើវិស័យមុខងារសាធារណៈ (ACCSM+3) សម្រាប់ឆ្នាំ២០២៥-២០២៦ នាពេលខាងមុខ ដែលក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណៈរដ្ឋកូរ៉េ បានទទួលយកសំណើ ព្រមទាំងបង្ហាញភាពសុទិដ្ឋិនិយមថានឹងចូលរួមក្នុងកិច្ចប្រជុំខាងលើតបតាមការអញ្ជើញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១