ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល


នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អនុប្រធានកាកបាទក្រហមកម្ពុជា និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃ​ចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គឺជាការបាត់បង់នូវឧត្តមស្វាមីប្រកបដោយភក្ដីភាពបំផុតចំពោះភរិយា និងជាការបាត់បង់នូវឪពុក ជីតា និងជីតាទួតប្រកបដោយគុណធម៌ និង ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានគ្រប់បែបយ៉ាងដល់កូនចៅ និងក្រុមគ្រួសារប្រកបដោយគន្លងធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបាន ពលិកម្មសព្វគ្រប់បែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណស្ទើរពេញមួយជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសដង្ហែតាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខដោយសេចក្តីសោកសង្រេងជាមួយ លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១