បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ ចំនួន៥០អង្គភាពចុងក្រោយ (១០អង្គភាពតាមផ្នែក ឬកម្រិតនីមួយៗ) កំពុងទទួលបានការវាយតម្លៃដោយផ្ទាល់តាមទីតាំងនីមួយៗ​ ដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)


ឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន១០ តាមផ្នែក ឬកម្រិតនីមួយៗ​ ពោលគឺកម្រិតវិទ្យាល័យចំនួន១០សាលា កម្រិតសាលាមត្តេយ្យសិក្សាចំនួន១០សាលា មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ចំនួន១០ កម្រិត២ចំនួន១០ និងកម្រិត៣ ចំនួន១០។ ដំណាក់កាលនេះ គ.វ.ជ. បានសម្រេចចាត់តាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួង ក្នុងគោលបំណងចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ដំណើរការចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៤ ត្រូវមានការចូលរួមពីគណៈកម្មការត្រួតពិនិត្យកិច្ចការទូទៅនៃគ.វ.ជ. គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាល សហគមន៍ នាយក នាយករង/នាយិការង លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកសាមី មន្រ្តីជំនាញនៃរដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការនៃគ.វ.ជ.។

សូមជម្រាបថា ក្រោយពីការវាយតម្លៃដោយផ្ទាល់នៅតាមអង្គភាពនីមួយៗ អង្គភាពទាំងនោះនឹងត្រូវធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញពិនិត្យ និងវាយតម្លៃដោយផ្ទាល់ពីសំណាក់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមការដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១