បេក្ខភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជូនដល់សិក្ខាកាមប្រមាណ ២ពាន់នាក់ មកពីទូទាំងប្រទេស
រយៈពេលមួយថ្ងៃពេញ បន្ទាប់ពីពិធីបើកសិក្ខាសាលា បេក្ខភាពនៃជ័យលាភីផ្តល់សេវាសាធារណៈគំរូ ទាំងវិស័យអប់រំ ទាំងវិស័យសុខាភិបាល បានចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជាព័ត៌មាន សម្រាប់អង្គភាពដទៃទៀត បានទាញយកជាប្រយោជន៍ផង និងដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ នៅពេលខាងមុខទៀតផង។
ក្នុងអង្គសិក្ខាសាលា លោកនាយក ប៉ូច ពន្លក នាយកវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាសិក្ខាកាមមួយរូប បានធ្វើការកោតសរសើរចំពោះការរៀបចំឱ្យមានបទបង្ហាញរបស់សាលា និងមន្ទីរពេទ្យ ដែលជាបេក្ខភាពជ័យលាភីផ្តល់សេវាសាធរណៈគំរូទាំង ២វិស័យ ដែលអាចឱ្យលោកនាយ អាចដឹងថាអង្គភាពដទៃដើរដល់ណា ហើយអង្គភាពរបស់លោកនាយកផ្ទាល់ដើរដល់ណា ក្នុងការប្រៀបធៀបជាមួយអង្គភាពដទៃទៀត។ សម្រាប់ការរៀបចំកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធរណៈគំរូនេះ អាចធ្វើឱ្យអ្នកបម្រើសេវា និងអ្នកទទួលសេវាសប្បាយចិត្ត។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត តៅ វេងទី ប្រធានមន្ទីរពេទ្យបង្អែកព្រែកប្រសព្វ ខេត្តក្រចេះ ជាសិក្ខាកាមមួយរូបផ្សេងទៀត បានលើកឡើងថា “ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ មានសារៈសំខាន់ណាស់ ក្នុងការជួយការអភិវឌ្ឍផ្នែកសេវាសាធារណៈគំរូ ផ្នែកអប់រំ និងផ្នែកសុខាភិបាល ក្នុងការជួយអភិវឌ្ឍសមត្ថភាពបន្ថែម និងធ្វើឱ្យការផ្តល់សេវាប្រសើរជាងមុន ព្រមទាំងគុណភាពនៃការបម្រើសេវាសាធារណៈកាន់តែមានការទទួលស្គាល់ ពីប្រជាពលរដ្ឋ ដោយងាកមកប្រើប្រាស់សេវាកាន់កើនឡើង។” សម្រាប់បទបង្ហាញថ្ងៃនេះ ធ្វើឱ្យលោកវេជ្ជបណ្ឌិត ទទួលបានបទពិសោធយ៉ាងច្រើន ពិសេសអ្វីដែលមិនធ្លាប់បានដឹង បានស្គាល់ ពេលនេះបានដឹង និងបានស្គាល់ ដើម្បីយកទៅណែនាំបុគ្គលិកក្នុងការអភិវឌ្ឍមន្ទីរពេទ្យបន្ថែមទៀត។
បន្ទាប់ពីបទបង្ហាញចែកចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤ អង្គសិក្ខាសាលាក៏បានរៀបចំឱ្យមានវេទិកាសំណួរ ចម្លើយ ដែលសម្របសម្រួលដោយតំណាងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល៕