បេក្ខជនដែលបានដាក់ពាក្យស្នេីសុំពិនិត្យកំណែសន្លឹកកិច្ចការ ពេញចិត្ត និងទទួលយកលទ្ធផល ក្រោយពីបានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន


នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញ និងដោះស្រាយលើសំណើសុំពិនិត្យសន្លឹកកិច្ចការឡើងវិញរបស់បេក្ខជនលើលទ្ធផលប្រឡង នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងអង្គភាពជំនាញពាក់ព័ន្ធ និងបេក្ខជនប្រឡង មានចំនួនសរុប ២២នាក់។


អង្គប្រជុំនេះ បានផ្តល់អាទិភាពដល់បេក្ខជនចំនួន ០៤រូប ចូលជួបពិនិត្យមើលលើសន្លឹកកិច្ចការរបស់ខ្លួន ដែលក្នុងចំណោមបេក្ខជនទាំងអស់នោះ បានចូលរួមប្រឡងប្រជែងក្នុងក្របខណ្ឌផ្សេងៗគ្នា រួមមានក្របខណ្ឌ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គភាពប្រឆាំងអំពើពុករលួយ។


បន្ទាប់ពីការពិនិត្យទៅលើសន្លឹកកិច្ចការរបស់បេក្ខជននីមួយៗដោយល្អិតល្អន់ និងមានការបកស្រាយបញ្ជាក់ទៅលើមន្ទិលសង្ស័យរបស់បេក្ខជន ពីក្រុមការងារជំនាញរួចមក បេក្ខជនទាំងអស់បានសម្តែងការពេញចិត្ត​ ឯកភាព​ទទួលស្គាល់ទៅលេីកំណែសន្លឹកកិច្ចការរបស់ខ្លួន ព្រមទាំងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈ ដែលបានខិតខំរៀបចំការប្រឡងប្រជែង​ប្រកបដោយ​ គុណាធិបតេយ្យ តម្លាភាព​ យុត្តិធម៌​ បរិយាបន្ន និងប្រសិទ្ធភាព ហើយទទួលយកបាន​ ស្របតាមពាក្យស្លោករបស់សម្តេចធិបតី​ នាយករដ្ឋមន្ត្រីគឺ «អ្នកចេះគឺជាប់ជាប់ដោយមោទកភាព​ ធ្លាក់ដោយអស់ចិត្ត»៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១