ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសជ័យមង្គលខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសជ័យមង្គលខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថា្នក់នៃក្រសួងមុខងារសាធារណៈ ពិតជាមានកិត្តិយស និងមានភ័ព្វវាសនាក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅលើវិស័យមុខងារសាធារណៈ ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ នេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំវិស័យមុខងារសាធារណៈ ដោយឈរលើឆន្ទៈនៃការធ្វើកំណែទម្រង់វិស័យសាធារណៈ ដើម្បីក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ៕