ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ គោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ៧២ ឈានចូល៧៣ឆ្នាំ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុ៧២ ឈានចូល៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕