ថ្ងៃនេះ ឆ្នាំមុន ជាថ្ងៃរៀបចំពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣
គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្រាប់លទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ អង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន៣ សម្រាប់វិស័យអប់រំ រួមមាន៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង និងអង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់វិស័យសុខាភិបាលគឺ មណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។
សូមជម្រាបថា សម្រាប់ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤ នឹងត្រូវរៀបចំពិធីប្រកាសនៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៥៕