តាមរយៈបទបង្ហាញ និងវេទិកាពិភាក្សានានា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀង សម្រេចបាននូវសេចក្តីព្រាងព្រះរាជក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត មួយចំនួនឆ្ពោះទៅកាន់ការដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ


បទបង្ហាញជាច្រើនត្រូវបានវាគ្មិនមកពីតំណាងក្រសួងសុខាភិបាល និងតាមតំបន់ពាក់ព័ន្ធ ព្រមទាំងតំណាងបេឡាជាតិសន្តិសុខសង្គម បានបង្ហាញយ៉ាងក្បោះក្បាយ និងបញ្ចប់ដោយជោគជ័យ។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថ្ងៃទី២ នៃសិក្ខាសាលាពិគ្រោះយោបល់ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ក៏មានបទបង្ហាញចុងក្រោយមួយ ស្តីពី “ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកតាមកិច្ចព្រមព្រៀងការងារ” ដោយឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។

ក្នុងបទបង្ហាញនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលម្អិតអំពី ទស្សនទាន និងគោលការណ៍សំខាន់ៗ ក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀមការងារ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើិកិច្ចព្រមព្រៀងការងារ លើចំណុចមួយចំនួន រួមមាន៖ ទី១. ការជ្រើសរើសមន្ត្រី​ ទី២.ការគ្រប់គ្រងមន្ត្រី​ ទី៣.ការផ្តល់ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ ទី៤.ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី និងទិ៥.យន្តការគាំទ្រការអនុវត្ត និងការតាមដានត្រួតពិនិត្យ។ ការពង្រីកសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ឋភាព និង សមិទ្ធកម្មគន្លឹះរបស់មន្ត្រី និងស្ថាបនតាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង៖ ទី១. ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព; ទី២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាបន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ឋភាព; ទី៣. ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ចាក់អំពីការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយសង្កត់ធ្ងន់លើការព្យួរ ការបន្ត ការកែប្រែ និងការបញ្ចប់កិច្ចព្រមព្រៀងការងារ។

ចុងបញ្ចប់ អង្គសិក្ខាសាលាក៏បានរៀបចំជាវេទិកាសំណួរ-ចម្លើយ លើបទបង្ហាញទាំង៦ របស់វាគ្មិនទាំងអស់ ដោយមានការសម្របសម្រួលពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។ ក្រោយពីបានទទួលធាតុចូល និងបូកសរុប ក្រុមការងារបច្ចេកទេស នឹងធ្វើការបូកសរុបនូវធាតុចូល ដែលទទួលបានពីអង្គសិក្ខាសាលា ដើម្បី កែលម្អសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ទាំងនេះ មុននឹងធ្វើការពិគ្រោះយោបល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នដទៃទៀត។ នៅទីបញ្ចប់ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំជាព្រះរាជក្រឹត្យស្តីពី គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមជាមួយ និយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ មុនគេនៅចុងឆ្នាំ ២០២៤នេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១