“គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ក្នុងពិធីជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា
នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា។ ពិធីនេះទទួលបានការអញ្ជើញចូលរួមពីអតីតអាជ្ញាកណ្តាល កីឡាករ កីឡាការិនីជម្រើសជាតិ ព្រមទាំងសមាជិកក្រុមបាល់ទាត់វ័យចាស់២០២២ ប្រមាណ១៤០ នាក់។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីភាពសំខាន់នៃការចូលរួមលើកតម្កើងកិត្តិយសជាតិរបស់ព្រឹទ្ធាចារ្យកីឡាដែលបានលះបង់កម្លាំង កាយចិត្ត បម្រើប្រទេសជាតិ។ “គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ”ក្នុងនាមជាអ្នកជំនាន់ក្រោយ ពិតជាសូមថ្លែងអំណរគុណ ចំពោះគំរូវីរភាពរបស់ព្រឹទ្ធាចារ្យកីឡា សមនឹងពាក្យមួយឃ្លាសម្រាប់កីឡាករខ្មែរ ដែលពោលថា «ខ្មែរមិនដែលបោះបង់កណ្តាលទីនោះទេ!»។”
ស្ថិតក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរម្លឹក ព្រឹត្តិការណ៍រំភើប និងជាកិត្តិយសធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៣ នោះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ “កម្ពុជាបានផ្តល់ភាពកក់ក្តៅ និង បដិសណ្ឋារកិច្ចរបស់ខ្មែរយើងបានល្អប្រសើរជាទីបំផុត។ ក្នុងនាមយើងជាកីឡាករតំណាងឲ្យប្រទេសជាតិ ការប្រកួតប្រជែង មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែក៏ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស ដែលនេះគឺជាមានមោទនភាពដ៏ធំធេង។” ទន្ទឹមនឹងការមានប្រសាសន៍បែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងថា “ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងខ្ញុំពិតជាមានក្តីសប្បាយរីករាយដែលបានជួបសំណេះសំណាលជាមួយ អ្នកគ្រូ លោកគ្រូ ព្រឹទ្ធាចារ្យ កីឡាករ កីឡាការិនី ក៏ដូចជារៀមច្បងកីឡា នៃក្រុមបាល់ទាត់វ័យចាស់២០២២។”
ពិធីជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា បានបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងបានបន្សល់ទុកស្នាមញញឹម ភាពសប្បាយរីករាយ សំលេងសើចក្អាកក្អាយ និងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅបំផុត។