គណៈកម្មការរៀបចំការប្រឡងប្រជែង អនុញ្ញាតឱ្យបេក្ខជនចំនួន ៦រូប ចូលពិនិត្យលើលទ្ធផលសន្លឹកកិច្ចការរបស់ខ្លួន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ


យោងតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល អនុញ្ញាតឱ្យមានការស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនក្រោយលទ្ធផលបានប្រកាស។ ទន្ទឹមនេះ បេក្ខជនចំនួន ៦រូប បានដាក់ពាក្យមកកាន់គណៈកម្មការរៀបចំប្រឡងប្រជែង ដើម្បីស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដែលបានប្រកាសលទ្ធផលរួចរាល់ជាស្ថាពរ។ ដំណើរការនៃការពិនិត្យសន្លឹកកិច្ចការរបស់បេក្ខជន បានប្រព្រឹត្តទៅនៅបរិវេណសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។


ជាលទ្ធផលបេក្ខជនទាំង ៦រូប បានបង្ហាញនូវការពេញចិត្ត និងអស់ចិត្តក្រោយពីបានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន និងព្រមទទួលស្គាល់លទ្ធផលដែលគណៈកម្មការបានប្រកាសជាផ្លូវការ និងបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រឡងប្រជែងដែលផ្តល់ឱកាសឱ្យខ្លួនបានចូលពិនិត្យលទ្ធផលនៃសន្លឹកកិច្ចការរបស់ខ្លួន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១