ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ”
នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឡុង សារឿន បានអញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី”ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីវិស័យអប់រំ នៅតាមបឋមសិក្សាសាធារណៈ មត្តេយ្យសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍”។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថលនៃក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ នាយក នាយករង សាលាបឋមសិក្សាសាធារណៈ សាលាមត្តេយ្យសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍នៃរដ្ឋបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ ព្រមទាំងទាំងមានការចូលរួមពីរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញផងដែរ។
ក្នុងមតិស្វាគមន៍របស់លោក ម៉ៅ គីមថេង ប្រធានមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតក្រុមបច្ចេកទេសធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន នៅក្នុងដំណើរការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម័្ពន្ធ ក្រសួង ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីអប់រំ ឱ្យប្រព្រឹត្តិទៅដោយរលូនទាន់ពេលវេលា ប្រសិទ្ធភាព និងសម្រេចលទ្ធផលតាមការរំពឹងទុក។
ឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ ដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងកំណត់មន្ត្រីនៅក្នុងរចនាសសម្ព័ន្ធវិស័យអប់រំ រួមមាន គ្រឹះស្ថានបឋមសិក្សាសាធារណៈ គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍។ ឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទបង្ហាញ និងរាល់ការឆ្លើយសំណួរពាក់ព័ន្ធ អាចជាពុទ្ធិដ៏ល្អ ដល់សិក្ខាកាមទាំងអស់ អាចយកទៅអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមការធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីអប់រំ ឱ្យប្រព្រឹត្តិទៅទាន់ពេលវេលា។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលបានរៀបចំបទបង្ហាញស្តីពី “ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យវិស័យអប់រំ” ដែលលម្អិតទៅលើមុខងារប្រព័ន្ធ, លំហូររបស់ប្រព័ន្ធ, ការបង្កើតគណនី CamDigiKey នៅលើកម្មវិធីទូរស័ព្ទដៃ, របៀបចូលប្រើប្រាស់ប្រព័ន្ធ, និងការអនុវត្តន៍នៃរចនាសម្ព័ន្ធវិស័យអប់រំ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ(អប់រំ) លើសពីនោះកម្មវិធីក៏មានវេទិកាសំនួរ-ចម្លើយពាក់ព័ន្ធប្រធានបទផងដែរ៕