ក្រសួងមុខងារសាធារណៈ និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្ត ប.ស.ស.
នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្តីពីការអនុវត្ត ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូប។
កិច្ចចាប់ផ្តើមបើកកម្មពិធី ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសន្ទរកថាស្វាគមន៍ដ៏មានសារៈសំខាន់ជូនដល់អង្គពិធីទាំងមូល។ ទន្ទឹមនោះ ឯកឧត្តម ទិន សុខឃួន ក៏បានថ្លែងសន្ទរកថាពីគោលបំណងនៃកម្មពិធីផ្សព្វផ្សាយនេះ គឺដើម្បីជាប្រយោជន៍សម្រាប់មន្រ្តីរាជការក្នុងវិស័យសាធារណៈគ្រប់រូប រួមទាំងសហព័ទ្ធ គឺទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការថែទាំសុខភាព ហានិភ័យការងារ និងការឧបត្ថម្ភផ្សេងៗ ដោយគ្រាន់តែចុះបញ្ជីជាសមាជិក ប.ស.ស.។
កម្មពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើបទបង្ហាញដោយ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើប្រធានបទចំនួន ៣គឺ៖ ១)របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ២)របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និង ៣)កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនស្រ្តីជាមន្រ្តីសាធារណៈ។
សូមជម្រាបថា កម្មពិធីផ្សព្វផ្សាយនេះ គឺជាកម្មពិធីផ្សព្វផ្សាយលើក២៦ ដែលបានសហការរៀបចំផ្សព្វផ្សាយតាមក្រសួង ស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា៕