ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក និងដៃគូពាក់ព័ន្ធ បន្តជួបពិភាក្សាគ្នា លើការសហការ និងការគាំទ្រសម្រាប់ការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន


ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ព្រមទាំងសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប បានបន្តរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការសហការ និងការគាំទ្រលើកិច្ចការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency Hotel)។

តាមរយៈ ការលើកឡើងនូវបញ្ហា និងមតិយោបល់ដែលជាដំណោះស្រាយរបស់ក្រុមការងារអគ្គលេខាធិការដ្ឋាននៃការកែទម្រង់ទាំង៥ រួចមក ក៏មានការចែករំលែកនូវបទពិសោធរបស់តំណាងដៃគូអភិវឌ្ឍន៍ សម្រាប់ជាធាតុចូល និងជាចំណេះដឹង សម្រាប់ជាករណីសិក្សាមួយដ៏សំខាន់ ក្នុងស្មារតីរួម ជំរុញការគាំទ្រដល់ក្រសួង ស្ថាប័ន លើដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ​ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អង្គប្រជុំបានកំណត់ការងារបន្តសំខាន់ៗចំនួន៣​ រួមមាន៖ ទី១.ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារនៃស្ថាប័នកែទម្រង់ ទី២.ផ្សារភ្ជាប់ និងប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ និងក្រសួង ស្ថាប័ន ដើម្បីសម្រេចសមិទ្ធផលតាមវិស័យ និងទី៣.រៀបចំយន្តការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារកែទម្រង់ ប្រកបដោយវិជ្ជាជីវៈ។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំងយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល (យ.ស.ក.) រួមមាន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១